នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឆ្លើយតបទៅនឹងក្រុមអ្នកនាំភ្លើងមួយក្រុម លើកឡើងថា ក្រសួងការពារជាតិផ្សាយពីសភាពស្ងប់ស្ងាត់ នៅព្រំដែន និងលាក់ព័ត៌មាន។ លោកក៏បញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។

តាមរយៈសំណេររបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។
កងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញRBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំGBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះទៀត។
លោកក៏បានគូសបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕

