អ្នកឧកញ៉ា ម៉ុង ឫទ្ធី សម្រេចកាប់ចោលដើមដូងប្រេង ៥០០ហិកតា ក្រោយប្រមូលផលរយៈពេល ២៥ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានសម្រេចចិត្តកាប់ចោលដើមដូងប្រេងចំនួន ៥០០ហិកតា នៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីប្រមូលផលអស់រយៈពេល ២៥ឆ្នាំ ខណៈដែលដើមដូងប្រេងចាស់ៗទាំងអស់នេះ មានការថមថយផលខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញពីសកម្មភាព ចុះពិនិត្យមើលក្រុមគ្រឿងចក្រកាត់សំអាតដើមដូងប្រេង ដែលដល់អាយុកាប់ចោលដាំដុះដើមដូងប្រេងថ្មីជំនួសវិញ។ អ្នកឧកញ៉ាបញ្ជាក់ថា ដូងប្រេងចាប់តាំងពីបណ្តុះកូនរហូតដល់វាបញ្ចេញផ្កាផ្លែ មានអាយុកាល៣៦ខែ ហើយយើងប្រមូលរយៈពេល ២៥ឆ្នាំ វានឹងថយផល ដល់ពេលកាប់ចោលដាំដុះថ្មីជំនួសវិញ។ ចំណែកដើមចាស់ គេត្រូវកាត់ចិញ្ច្រាំវាឱ្យទៅជាជីកំប៉ុស។

អ្នកឧកញ៉ា បានឱ្យដឹងបន្ថែមថា ចំការដូងប្រេងដែលក្រុមហ៊ុនរបស់លោកកំពុងតែកាត់សំអាតនេះ មានទីតាំងស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្រុមហ៊ុនបាននាំពូជមកពី ប្រទេសហ្សាអៀ និងកូស្តារីកាអាមេរិកខាងត្បូង និងបានដាំកាលពីឆ្នាំ១៩៩៦។

ទោះយ៉ាងណា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា នៅដើមរដូវវស្សាឆ្នាំ២០២៦ខាងមុខនេះ ក្រុមហ៊ុនគ្រោងដាំដើមដូងប្រេងឡើងវិញចំនួន ៥០០ហិកតា និងត្រូវបណ្តុះកូនដូងប្រេងដែលបាននាំចូលមកពីប្រទេសម៉ាឡេស៊ី ចំនួន ៩០,០០០ដើមផងដែរ។

សូមជម្រាបថា ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនបានដាំដូងប្រេងបាន ៤៧៧ ហិចតា។ បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកការដាំដុះលើផ្ទៃដី ១៦,០០០ ហិចតា និងបានក្លាយជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី ៤នៅអាស៊ីអាគ្នេយ៍។ ចំការដូងប្រេងនេះជាការបណ្ដាក់ទុនរវាង MRG និងក្រុមហ៊ុន TCC Group ដែលបានក្លាយជាក្រុមហ៊ុនកម្ពុជាដំបូង និងធំបំផុតក្នុងការផលិតដូងប្រេង។ ក្នុងឆ្នាំ២០១៤ ដើមដូងប្រេងបានដាំដុះលើផ្ទៃដី ១៦,០០០ ហិចតា ក្នុងទិសដៅដាំដុះសរុប ៣០,០០០ ហិកតា។ ក្រុមហ៊ុនបាននាំចេញដូងប្រេងឆៅទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍អឺរ៉ុប៕