ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ – Sophea Bottcher) ដែលជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ) ដល់បុរសម្នាក់ដែលជិះកង់ដឹកកូនតូចៗ២នាក់ ដើរសំលៀងកាំបិតតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែករូបភាពបុរសម្នាក់ប្រកបរបរសំលៀងកាំបិតតាមផ្លូវ ដែលជិះកង់ដឹកកូនតូចៗ២នាក់កំពុងគេង ដើម្បីរកថវិកាចិញ្ចឹមជីវិត។ ក្រោយឃើញរូបភាពនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញក្តីអាណិតអាសូយ៉ាងខ្លាំង ជាពិសេសគឺកូនតូចៗដែលត្រូវលំបាកតស៊ូហាលខ្យល់ហាលភ្លៀងជាមួយឪពុក។
យ៉ាងណាមិញ ឧកញ៉ា ណូ សុភា ក៏បានឃើញនូវរូបភាពដ៏ក្តុកក្តួលនេះផងដែរ។ តាមរយៈសារបណ្តាញសង្គម លោកស្រីឧកញ៉ា បានបង្ហោះសារឧបត្ថម្ភថវិកាបែបនេះថា៖ “នាងខ្ញុំចង់ជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដើម្បីជួយឱ្យគាត់មានដើមទុនតូចមួយសម្រាប់រកស៊ី និងថែរក្សាកូនៗ។ កូនតូចៗកំពុងគេងលង់លក់យ៉ាងស្ងប់សុខ លើដៃកង់របស់ឪពុក ដែលកំពុងជិះកង់ដើរសំលៀងកាំបិតឱ្យគេតាមផ្លូវ។ ឃើញរូបភាពនេះហើយ ពិតជាក្តុកក្តួលចិត្តខ្លាំងណាស់។ បើមានពុកម៉ែ បងប្អូនណាស្គាល់គាត់ សូមមេត្តាជួយផ្តល់ដំណឹងឱ្យគាត់ទាក់ទងមកនាងខ្ញុំ ឬក្រុមការងា”។
សូមជម្រាបថា ឧកញ៉ា សុភា បុត្រឈរ ដែលកើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕




