រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជំរុញការចាប់យកនវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញការចាប់យកនវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី លើកឡើងថា សមត្ថភាពផលិតស្រូវអង្ករ ការកិន និងការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមជាមួយភាពប្រជែងឈ្នះផ្សេងទៀត និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ គឺជានិមិត្តរូបនៃមោទនភាពសម្រាប់វិស័យដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចជាតិ។

លោកក៏បានជំរុញ និងលើកទឹកចិត្តក្រសួង-ស្ថាប័ន ដែលជាប្រធានគណៈកម្មការបច្ចេក​ទេសពាក់ព័ន្ធឧស្សាហកម្មស្រូវអង្ករនៃក្រុមប្រឹក្សាស្តង់ដារជាតិ និងផ្នែកឯកជន ឱ្យចូលរួមអភិវឌ្ឍស្តង់ដាថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តក៏បានរំលេចពីការរួមចំណែករបស់ក្រសួងឧស្សាហកម្ម ដល់ឧស្សាហកម្មស្រូវអង្ករ រួមទាំងការងារសុវត្ថិភាពនិងបច្ចេកទេសផលិតកម្ម ការលើកកម្ពស់ផលិតភាពតាម រយៈគ្រឿងម៉ាស៊ីនទំនើបៗ និងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសធុនតូចនិងមធ្យម។

កំណែទម្រង់ថ្មីៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ ដូចជាការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានសមត្ថភាពធ្វើតេស្តវិភាគជាអន្តរជាតិ និងការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ មានគោលដៅបង្កើនភាពប្រកួតប្រជែង និងជំរុញការនាំចេញ រួមទាំងផលិតផលអង្កររបស់កម្ពុជា។

លើសពីនេះ ក្រសួងក៏កំពុងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន វិស័យឧត្តមសិក្សាស្រាវជ្រាវ និងវិស័យសាធារណៈនានា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការពង្រឹងសក្តានុពលនៃវិស័យកសិឧស្សាហកម្ម ចំណីអាហារ ភេសជ្ជៈ និងលើកម្ពស់អធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥  គិតជាទឹកប្រាក់​បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕