ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ​ បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ថាជាវីរបុរស

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា បានប្រសិទ្ធនាមសម្តេចតេជោ ហ៊ុន សែន ថាជាវីរបុរសចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទីម័រឡេស្តេ។ឯកអគ្គរដ្ឋទូតថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​នាឱកាសនោះ លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ បានសម្តែងនូវការដឹងគុណ និងអរគុណបំផុតចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេចតេជោ ក្នុងដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ។

ជាមួយគ្នានេះ លោកក៏បានប្រសិទ្ធនាមសម្តេចតេជោថាជាវីរបុរស ចំពោះថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ ហើយឯកឧត្តម មានកិត្តិយស ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងចូលរួមចំណែកបន្តកសាងនូវមិត្តភាពយូរអង្វែងរបស់ប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះដែរ លោក ក៏បានពាំនាំនូវសំណើ សភាជាតិទីម័រឡេស្តេ ក្នុងការបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចបានបញ្ជាក់ថា សម្តេច គឺជាអ្នកសន្តិភាពនិយម ហើយជាក់ស្តែងបន្ទាប់ពីស្វែងរកបានសន្តិភាពពេលលេញជូនកម្ពុជា សម្តេច ក៏បានដាក់ចេញនូវគោលដៅពីរសំខាន់គឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ តួយ៉ាងព្រំដែនកម្ពុជាជាមួយ វៀតណាម និងឡាវជាដើម។

ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានស្វាគមន៍សំណើបង្កើតឱ្យមានក្រុមមិត្តភាពអន្តរសភារវាងប្រទេសយើងទាំងពីរ និងបានណែនាំអគ្គលេខាធិការ​ព្រឹទ្ធសភា រៀបចំកិច្ចការនេះ ដោយសហការជាមួយរដ្ឋសភាកម្ពុជា។

តាមរយៈជំនួបខាងលើ កម្ពុជា-ទីម័រឡេស្តេ ក៏បានប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក សំដៅធ្វើឱ្យទំនាក់ទំនងយើងកាន់តែស៊ីជម្រៅបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន