លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយលោក ស្ទេហ្វាន់ ហាន់សែលម៉ាន់ ប្រធានកម្មវិធី ICONE និងក្រុមការងារ ដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តកម្មវិធី ICONE នៅកម្ពុជា។ ជំនួបពិភាក្សាការងារនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ដល់កម្មវិធី ICONE ដែលបាន និងកំពុងអនុវត្តយ៉ាងជោគជ័យនូវគម្រោងរបស់ខ្លួននាខេត្តគោលដៅចំនួនបីនៃប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។
លោកក៏បានលើកឡើងអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រមទាំងរំលេចអំពីវិស័យសក្ដានុពលមួយចំនួនដែលអាចពិចារណាបញ្ចូលក្នុងកម្មវិធី ICONE ដំណាក់កាលទី២ មានដូចជា វិស័យឧស្សាហកម្មឈើដាំ ការកែច្នៃកៅស៊ូ និងការកែច្នៃកាកសំណល់ក្នុងស្រុក ជាដើម។

សូមបញ្ជាក់ថា កម្មវិធី ICONE ដំណាក់កាលទី១ ត្រូវបានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមអនុវត្តកាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារ GIZ កំពុងសិក្សាអំពីការបន្តកម្មវិធី ICONE ទៅដំណាក់កាលទី២ផងដែរ៕



