វឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តសៀមរាប គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៧ ភាគរយហើយ។ នេះបើតាម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ (ជំហាន៣ តចប់) ដែលស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៥៧%។ជាមួយគ្នានោះដែរ លោក ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព។ លោក ក៏ជំរុញឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងខិតខំជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក។

សូមបញ្ជាក់ថា គម្រោងនេះនឹងស្ទាក់ទឹកពីទំនប់អាងទឹកម្កាក់ តាមរយៈស្ទឹងជីក្រែង និងប្រឡាយស្ពានខៀវ មកស្តុកទុកក្នុងអាងទឹកសួង៧៨។ ទំហំការងាររួមមាន៖ ការងារជួសជុលទំនប់ប្រវែង ៣ ៨០០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៥ កន្លែង និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងផ្តល់ទឹកស្រោចស្រពសម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ១ ១២០ ហិកតា ស្រូវប្រាំងចំនួន ២ ២៣៥ ហិកតា និងដំណាំរួមផ្សំចំនួន ៣០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករប្រមាណ ១ ៧៣៩ គ្រួសារ ក្នុងភូមិចំនួន ១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ផងដែរ៕ អត្ថបទ៖ហ្សាលីន


