ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់កម្មវិធីពង្រឹងភាពប្រកួតប្រជែងសហគ្រាសជាតិ (ICONE) របស់ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ពង្រីកវិសាលភាពទៅកាន់ខេត្តដែលមានវិស័យសក្ដានុពលនៅកម្ពុជា។

ការស្នើនេះ ធ្វើឡើងដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោកស្ទេហ្វាន់ ហាន់សែលម៉ាន់ ប្រធានកម្មវិធី ICONE និងក្រុមការងារ ដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តកម្មវិធី ICONE នៅកម្ពុជា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនេះ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ដល់កម្មវិធី ICONE ដែលបាន និងកំពុងអនុវត្តយ៉ាងជោគជ័យនូវគម្រោងរបស់ខ្លួននាខេត្តគោលដៅចំនួនបីនៃប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

លោក បានលើកឡើងអំពីលទ្ធភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីនេះទៅកាន់ខេត្តដទៃដែលមានសក្ដានុពលផ្នែកកសិកម្ម ព្រមទាំងរំលេចអំពីវិស័យសក្ដានុពលមួយចំនួនដែលអាចពិចារណាបញ្ចូលក្នុងកម្មវិធី ICONE ដំណាក់កាលទី២ មានដូចជា វិស័យឧស្សាហកម្មឈើដាំ ការកែច្នៃកៅស៊ូ និងការកែច្នៃកាកសំណល់ក្នុងស្រុកជាដើម។ លោកក៏បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី ICONE របស់ទីភ្នាក់ងារ GIZ ដែលបានបន្តការចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប លោក ស្ទេហ្វាន់ ហាន់សែលម៉ាន់ បានទទួលយកនូវការលើកឡើងរបស់លោកលេខាធិការសម្រាប់ធ្វើជាធាតុចូលដើម្បីក្រុមការងារមានមូលដ្ឋានសម្រាប់ពិចារណា និងសិក្សាលម្អិតដាក់ក្នុងកម្មវិធី ICONE ដំណាក់កាលទី២បន្ថែមទៀត។
សូមបញ្ជាក់ជូនថា កម្មវិធី ICONE ដំណាក់កាលទី១ ត្រូវបានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមអនុវត្តកាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារ GIZ កំពុងសិក្សាអំពីការបន្តកម្មវិធី ICONE ទៅដំណាក់កាលទី២ផងដែរ៕ អត្ថបទ៖ ហ្សាលីន

