លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ១៩ម៉ឺននាក់ទទួលបានឱកាសការងារតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។

លោក ស៊ុន មេសា បានលើកឡើងថា ចាប់តាំងពីពេលមានបញ្ហាទំនាស់នៅតាមព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនេះ បានធ្វើឱ្យបងប្អូនពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ មានការភ័យខ្លាចពីសុខសុវត្ថិភាព ហើយពួកគាត់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយគ្រប់ច្រកល្ហក ដើម្បីដោះស្រាយបញ្ហាជីវភាព និងផ្ដល់ឱកាសការងារថ្មីជូនពួកគាត់ដល់ភូមិស្រុក។
អ្នកនាំពាក្យរូបនេះបានបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងស្រុក និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ គឺធ្វើយ៉ាងណានាំឱកាសការងារជូនពួកគាត់ភ្លាមៗ ដើម្បីគាំពារជីវភាពឱ្យបានទាន់ពេលវេលា។
បើតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ទីផ្សារការងារនៅកម្ពុជានៅឆ្នាំ២០២៥ កំពុងមានភាពល្អប្រសើ និងមានតម្រូវការខ្ពស់ដូចជា សេវាស្នាក់នៅ និងភោជ្ជនីយដ្ឋាន កម្មន្ដសាល ផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនី វាយនណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប អប់រំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ដឹកជញ្ជូន និងស្ដុកទំនិញ និងវិស័យសំណង់៕



