(ភ្នំពេញ)៖ អ្នកស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ខណៈព្រឹត្តិការណ៍កីឡាបាល់ទះអន្តរជាតិ «ពានរង្វាន់សម្តេចធិបតី រដូវកាលទី២» នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយនាំមកនូវការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមខ្លាំងៗមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

សន្និសីទសារព័ត៌មានស្ដីពី ព្រឹត្តិការណ៍ «ពានរង្វាន់សម្តេចធិបតី រដូវកាលទី២» ត្រូវបានរៀបចំឡើង នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាមល ក្រោមអធិបតីភាព លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុតក្នុងការគាំទ្រ និងចូលរួមឱ្យព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏មានសារៈសំខាន់មួយនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានជោគជ័យ។

សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រដូវកាលទី២នេះ គឺជាបេសកកម្មដ៏សំខាន់ក្នុងការបន្តការពារតំណែងជើងឯក បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានគ្រងជើងឯកក្នុងរដូវកាលទី១ ខណៈការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗមកពីតំបន់អាស៊ាន នឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កីឡាករកម្ពុជាក្នុងការវាស់ស្ទង់សមត្ថភាព ពង្រឹងបទពិសោធន៍ប្រកួត ស្វែងយល់ពីបច្ចេកទេសថ្មីៗ និងបង្ហាញកាន់តែច្បាស់ពីសមត្ថភាព និងការរីកចម្រើនរបស់វិស័យបាល់ទះកម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឈរជាដៃគូគាំទ្រដ៏សកម្មរបស់វិស័យបាល់ទះកម្ពុជា ដោយបានចូលរួមគាំទ្រតាំងពីរដូវកាលទី១ និងបន្តរហូតមកដល់រដូវកាលទី២។ ការគាំទ្រនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់ វើក ក្នុងការលើកកម្ពស់វិស័យកីឡាជាតិ ជំរុញស្មារតីតស៊ូ និងផ្តល់កម្លាំងចិត្តដល់កីឡាករកម្ពុជាឱ្យបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងឆ្ពោះទៅរកសមិទ្ធផលថ្មីៗជូនជាតិ។
វើក ជួយវិស័យកីឡាបាល់ទះកម្ពុជាខ្លាំងជាងគេ!





