លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

លើកឡើងតាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក វ៉ាង វិនពីន បានបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។
ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្លាប់បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។

បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប្រទេសចិនក៏បានប្រកាសផ្តល់ជំនួយដល់កម្ពុជាផងដែរ ជាក់ស្តែងកាលបីពេលថ្មីៗនេះ នៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃទី៣០ ខែសីហា លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ក៏បានប្រកាសផ្តលជំនួយមនុស្សធម៌ដល់កម្ពុជា ចំនួន ២០លានយ៉ន់ ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធក្នុងជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ កាលចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
គួរឱ្យដឹងថា ទំនាក់ទំនងជាប្រពៃណី កម្ពុជា-ចិន បានបន្តការពង្រឹងពីមិត្តភាពដែកថែប ធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
ថ្នាក់ដឹកនាំកម្ពុជា និងចិន ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពនានា ដែលរួមមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្តិសុខ និងវិស័យការពារជាតិជាដើម៕



