ធនាគារជាតិ និងក្រុមហ៊ុន Travelex ដាក់មានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលី

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានសហប្រតិបត្តិការជាមួយក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលីដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាមានភាពកាន់តែងាយស្រួល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex នេះ បានធ្វើឡើងនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានលោក លី ស៊ីដេត ឧបការីទេសាភិបាល និងជាអគ្គបេឡា ធនាគារជាតិនៃកម្ពុជា និងលោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំ (Head of Wholesale Banknotes & Cash Operations)ប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុនTravelex។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលីនេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលីដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅប្រទេសអូស្រ្តាលីអាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលីឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ទន្ទឹមនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សកន្លងមក។

សូមជម្រាប់ថា នេះជាលើកទីបួនហើយដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិនៃកម្ពុជានឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕ អត្ថបទ៖ហ្សលីន