នាយករដ្ឋមន្រ្តី បន្តស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ពិនិត្យរៀបចំ ឥណទាន ឡើងវិញដើម្បីជួយ វិស័យទេសចរណ៍

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងចេញវេទិកាអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តប្រកាសលើកទឹកចិត្តដល់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំ ឥណទាន ឡើងវិញដើម្បីធ្វើយ៉ាងណាងជួយ ដល់វិស័យទេសចរណ៍ នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ នៅ ខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីមានប្រសាសន៍ថា៖ «ដើម្បីលើកស្ទួយវិស័យ ទេសចរណ៍ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ខ្លាំងក្លា បន្ថែមទៀតនោះ មិនថា ធនាគារវីង ឬធនាគារណានោះទេ គប្បីធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង អស់ពិនិត្យ លទ្ធភាព ក្នុងការផ្តល់ ឥណទាន ទៅសហគ្រាសធុនតូច និងធម្យមផងដែរ ដើម្បីធ្វើយ៉ាងណាជួយសម្រាលស្ថានភាពរបស់សហគ្រាសទាំងនោះឲ្យកាន់តែប្រសើរនិង ដើម្បីជួយជំរុញដល់ចរន្តសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អជាងមុនផងដែរ។

យោងតាមរបាយការណ៍ពីធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានអាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៥០សហគ្រាសទទួលបានហិរញ្ញប្បទាន ពីគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយនឹងទំហំហិរញ្ញប្បទាន ចំនួន ៥៤,១៦ លានដុល្លារ ឬស្មើនឹង៣៦,១ ភាគរយ នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារ ។ ចំនួនសហគ្រាសដែលទទួលបានការអនុម័តពី SME Bank ក្នុងរយៈពេលចុងក្រោយនេះ គឺកើនយឺតបំផុត​ បើធៀបពេលចាប់ផ្តើមដំបូង ពោលគឺក្នុង ខែកក្កដា និងសីហា មានសំណើរបស់សហគ្រាសចំនួន ២ប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ។

ធនាគារ SME ឱ្យដឹងទៀតថា ក្នុងចំណោមហិរញ្ញប្បទានទាំងនោះ គឺអាជីវកម្មសណ្ឋាគារ ចំនួន២៩ភាគរយ , អាជីវកម្មផ្ទះសំណាក់ ២៥ភាគរយ , អាជីវកម្ម ភោជនីយដ្ឋាន ៣១ភាគរយ និងអាជីវកម្ម គាំទ្រវិស័យទេសចរណ៍ ១៥ ភាគរយ ។ សហគ្រិនមានម្ចាស់ជាស្ត្រី ៤១ភាគរយ បានទទួលកម្ចីក្នុងគម្រោងខាងលើ ។

សូមជម្រាបជូនថា គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍របស់ធនាគារ SME ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមហិរញ្ញប្បទាន ១៥០លានដុល្លារដែលបានពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាល ៧៥ លានដុល្លារ ( តាមរយៈ SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមចំនួន ៧៥ លានដុល្លារ ។ គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលចូលរួមមានប្រ មាណជាង ២០ ដូចជា ធនាគារ អេ ស៊ី លីដា , កាណាឌីយ៉ា , ស្ថាបនា , FTB, ABA, LOLC, Wing, Amret និង CIMB ជាដើម ៕