ក្រុមហ៊ុនអូស្រ្តាលី មកស្វែងយល់ពីសក្តានុពល និងឱកាសកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនវិនិយោគរបស់ប្រទេសអូស្រ្តាលី កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ បានធ្វើឡើងនៅទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាថ្ងៃទីមួយនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអូស្ត្រាលី (Investment Roadshow to Australia។

ជាមួយគ្នានេះ ក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីលោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, លោកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

នាឱកាសនោះ លោកនាយកគ្រប់គ្រងក្រុមហ៊ុន បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទទួលអនុសាសន៍អំពីការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនលោកនាយកគ្រប់គ្រងក្រុមហ៊ុនអំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជា និងលើកបង្ហាញដល់ដៃគូវិនិយោគិនអំពីសក្តានុពលផ្សេងទៀតរបស់ប្រទេសកម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

តាមរយៈជំនួបខាងលើនេះដែរ ក្រោយទទួលបានអនុសាសន៍ណែនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកនាយកគ្រប់គ្រងក្រុមហ៊ុនក៏បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន