ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ប្រាប់ដល់បេក្ខជនប្រឡងចូលធ្វើមន្រ្តីពន្ធនាគារទាំងអស់ កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធអំពើស៊ីសំណូក បក្សពួក ឬមានការអន្តរាគមន៍ណាមួយ ពោលការប្រឡងនេះ គឺពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពផ្ទាល់ខ្លួន ដោយអ្នកចេះគឺជាប់។

ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តខាងលើនេះ គឺក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់វិញ្ញាសាប្រឡងចូលក្របខណ្ឌមន្ត្រីពន្ធនាគារ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមតាកែវ ខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ»។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បី ជ្រើសរើសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រើសរើសយកអ្នកដែលមានខ្នងបង្អែកនោះទេ។
សូមជម្រាបថា មានបេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងចូលក្របខណ្ឌមន្ត្រីពន្ធនាគារខេត្តតាកែវក្នុងឆ្នាំ២០២៥នេះ។ ដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស៕







