មន្ត្រីទូតកម្ពុជាចង់ឃើញម្ចាស់អាជីវកម្មល្បីៗក្នុងស្រុកបោះជំហ៊ានចូលទៅក្នុងទីផ្សារថៃ

សង្គម​និង​សេដ្ឋកិច្ច

បើទោះជាក្នុងពេលបច្ចុប្បន្នគេមិនដឹងថា ពលរដ្ឋឬអ្នកធ្វើធុរកិច្ចក្នុងស្រុកមាន ចំនួនប៉ុន្មានក្រុមហ៊ុន បាននឹងកំពុងបើកអាជីវកម្មរកស៊ីក្នុងទឹកដីប្រទេសថៃ សម្រាប់មន្ត្រីទូតកម្ពុជាប្រចំានៅប្រទេសថៃ ចង់ឃើញអាជីវកម្មដែលកំពុងតែល្បីៗដែលមានប្រតិបត្តិការសព្វថ្ងៃ ធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនចូលទៅក្នុងទីផ្សារប្រទេសថៃ បន្ទាប់ពីមានម្ចាស់អាជីវកម្មក្នុងស្រុកម្នាក់បានដាក់ឱ្យដំណើរក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូននៅក្នុងប្រទេសថៃកាលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រៅពីសម្តែងការគំាំទ្រចំពោះការបើកនៅក្រុមហ៊ុនដឹកជញ្ជូន «ស្រលាញ់អ្នក»​ លោកឃើញនៅវត្តមានរបស់វិនិយោគិនខ្មែរជាច្រើនផ្សេងទៀត ដែលមានលទ្ធភាពចូលរួមសហការជាមួយវិនិយោគិនថៃ បើកអាជីវកម្មនៅក្នុងប្រទេសថៃនេះ ពិសេសចង់ឃើញម្ចាស់អាជីវកម្មល្បីៗដូចជាហាងលក់ម្ហូបអាហារខ្មែរ និងហាងលក់កាហ្វេ ធ្វើការពង្រីកមុខរបរខ្លួនទៅក្នុងទីផ្សារថៃ។

លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងថា ពាក់ព័ន្ធទិន្នន័យក្រុមហ៊ុនខ្មែរដែលបានមករកស៊ីក៏ដូចជាសហការជាមួយវិនិយោគិនថៃដែលបានបើកក្រុមហ៊ុននៅប្រទេសថៃ មកដល់ពេលនេះមិនទាន់ដឹងថាមានចំនួនជាក់លាក់ប៉ុន្មាននោះទេ ប៉ុន្តែស្ថានទូតកម្ពុជាប្រចំានៅក្នុងប្រទេសថៃនេះ កំពុងសហការជាមួយនិងក្រសួងពាណិជ្ជកម្មថៃ ដើម្បីទទួលបានទិន្នន័យ។

លោកសង្កត់ធ្ងន់ថា «មកដល់ពេលនេះ ខ្ញុំអាចនិយាយបានថាក្រៅពីមានក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនរបស់កូនខ្មែរសហការជាមួយវិនិយោគិនថៃ កន្លងទៅក៏មានក្រុមហ៊ុនកូនខ្មែរលើវិស័យដឹកជញ្ជូន និងផ្នែកភោជនីយដ្ឋានដែលលក់នៅមុខម្ហូបខ្មែរ ក្រុមហ៊ុននាំចេញ នាំចូលទំនិញផ្សេងទៀតផងដែរ។តែក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានធនធាន ដែលមានលទ្ធភាពអាចចូលមកស្វែងរកឱកាសសហការជាមួយដៃគូជាជនជាតិថៃ ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយខ្ញុំគិតថាអាជីវកម្មដែលយើងកំពុងត្រូវការនៅទីនេះគឺចង់ឱ្យមានវត្តមាន ហាងលក់មុខម្ហូបខ្មែរយើង ដើម្បីបង្ហាញពីវប្បធម៌ខ្មែរ និងហាងលក់កាហ្វេជារបស់ខ្មែរល្បីៗ ដែលជនបរទេសរួមនិងជនជាតិថៃ ធ្លាប់ចូលទៅប្រទេសកម្ពុជា ពួកគាត់ចង់ឃើញវត្តនៅក្នុងប្រទេសថៃនេះ»។

លោក ហ៊ុន សារឿន មានប្រសាសន៍ដោយមានទំនុកចិត្តដូច្នេះថា៖ «ខ្ញុំគិតថានៅថ្ងៃក្រោយទៅអ្នកឧកញ៉ា ឡេង ប្រុស គាត់នឹងបង្កើតនៅអាជិវកម្មថ្មីៗរបស់ខ្មែរយើងថែមទៀតនៅក្នុងប្រទេសថៃ ដើម្បីរឹតចំណងមិត្តភាពរវាងប្រជាជនទំាងពីរប្រទេស ក្នុងការចូលរួមជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍»៕ តាកែវ