រដ្ឋសភាកម្ពុជា ស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិ។ការស្នើនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។
លោកស្រីបានបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃ អនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ នយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជាប្រចាំស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
ជាថ្មីម្តងទៀត រដ្ឋសភា ក៏បានថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទីថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយក រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងលោ ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយ មានការចូលរួមដ៏សកម្មពីប្រទេសចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និងប្រទេសជាតិទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃ៧ សីហា ឆ្នាំ២០២៥ ដែល បានឯកភាពលើ ១៣ ចំណុចដ៏សំខាន់សម្រាប់ការអនុវត្តបន្ត។
ជាថ្មីម្តងទៀត រដ្ឋសភា ក៏បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌ គោល (Term of Reference) នៃការចរចាដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត។ រដ្ឋសភា ក៏សូមគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការជំរុញកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងសន្តិភាពយូរអង្វែង៕អត្ថបទ៖ហ្សាលីន

