ប៉ូលិសសិង្ហបុរី ថ្មីៗនេះ បានបញ្ជាឲ្យក្រុមហ៊ុន Meta អនុវត្តវិធានការប្រឆាំងនឹងការឆបោក ពាក់ព័ន្ធទៅនឹងការផ្សាយពាណិជ្ជកម្ម គណនី ប្រូហ្វាល់ និងគេហទំព័រអាជីវកម្មដែលក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលសំខាន់ៗ នៅលើបណ្តាញសង្គម Facebook ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការបោកប្រាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមមន្ត្រីរដ្ឋាភិបាលសិង្ហបុរី បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Meta អាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់រហូតដល់ ១លានដុល្លារសិង្ហបុរី (៧៧៥ ៦៩៨ដុល្លារ) ប្រសិនបើក្រុមហ៊ុនយក្សអាមេរិកនេះ បរាជ័យក្នុងការអនុវត្តតាមផ្នែកនៃការបញ្ជានេះ ជាលើកដំបូង ដែលស្ថិតនៅក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្មលើអ៊ីនធើណិតថ្មីរបស់ប្រទេស ដែលត្រូវបានដាក់ឲ្យចូលជាធរមាន ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
គួរឲ្យដឹងផងដែរថា នៅក្នុងខែសីហា ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសិង្ហបុរី បានរកឃើញថាច្រើនជាងមួយភាគបីនៃការបោកប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបានរាយការណ៍ក្នុងឆ្នាំ២០២៤ ត្រូវបានប្រព្រឹត្តនៅលើ Facebook ។ ក្រសួង ក៏បានវាយតម្លៃផងដែរថា Facebook ខ្សោយបំផុតក្នុងចំណោមប្រព័ន្ធសង្គមផ្សេងទៀត ទាក់ទងនឹងលក្ខណៈពិសេសប្រឆាំងនឹងការបោកប្រាស់។
ទន្ទឹមនឹងនេះ ស្ថិតិរបស់ប៉ូលីសដែលបានចេញផ្សាយនៅក្នុងខែសីហាបានបង្ហាញថាការឆបោកដែលពាក់ព័ន្ធនឹងការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល កើនឡើងស្ទើរតែបីដងដល់ ១ ៧៦២ ករណីនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ពីចំនួន ៥៨៩ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទឹកប្រាក់សរុបចំនួន ១២៦,៥លានដុល្លារសិង្ហបុរី ត្រូវបានបាត់បង់ទៅនឹងប្រភេទនៃការបោកប្រាស់នេះ ពោលគឺបានកើនឡើង ៨៨% ពីចំនួន ៦៧,២លានដុល្លារសិង្ហបុរី ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន៕

