គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ ថ្មីៗនេះបានយល់ព្រមលើផែនការជួលកម្មករស្រីលង្កាចំនួន ១០ ០០០ នាក់ ដើម្បីបំពេញកង្វះខាតកម្លាំងការងារ ដែលបណ្តាលមកពីការចាកចេញរបស់ពលករកម្ពុជា ដោយសារជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Displomat។

ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា រដ្ឋមន្ត្រីការងារថៃ លោក Pongkawin Jungrungruangkit បាននិយាយថា កម្មករជាង ៣០០ ០០០ នាក់ មកពីប្រទេសស្រីលង្កា បានចុះឈ្មោះសម្រាប់ផែនការនេះ ហើយក្នុងនោះមានចំនួន ១០ ០០០ នាក់ នឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ក្នុងដំណាក់កាលដំបូង។
គួរឲ្យដឹងថា ក្រសួងការងារថៃ បានស្នើផែនការនេះជាលើកដំបូង នៅចុងខែកក្កដា ពោលគឺភ្លាមៗបន្ទាប់ពីប្រទេសថៃ និងកម្ពុជា បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្នុងរយៈពេល ៥ថ្ងៃតាមបណ្តោយព្រំដែនដែលមានជម្លោះ កាលពីចុងខែមុន។
មុនពេលជម្លោះចាប់ផ្តើម មានពលរដ្ឋកម្ពូជាជាង ៥២០ ០០០ នាក់ បានធ្វើការនៅក្នុងប្រទេសថៃ ឬស្មើទៅនឹង ១២% នៃកម្លាំងពលកម្មបរទេសសរុបរបស់ប្រទេសនេះ។ ហើយបើតាមយោងតាមរដ្ឋាភិបាលកម្ពុជា បានបង្ហាញឲ្យដឹងថា ពលករខ្មែរប្រហែល ៤០០ ០០០ នាក់ បានវិលត្រលប់ចូលប្រទេសវិញ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ៕

