៨ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ។នេះបើតាមសេចក្តីប្រកាសរបស់ CDC នាថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៥។

CDC បន្តថា បើគិតក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែកក្នុងខែសីហា ឆ្នាំ២០២៥វិញ CDC បានបញ្ជាក់ថា បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ ពាន់កន្លែង។ ទុនវិនិយោគពីសំណាក់វិនិយោគិនកម្ពុជាបានឈានមុខគេដោយមានចំណែក ៤៥,៤៨% តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី, អង់គ្លេសជាដើម។
ក្នុងចំណោមគម្រោងវិនិយោគដែលបានអនុម័តនៅក្នុងខែសីហានេះដែរ គឺគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥ គម្រោង(គម្រោងធំៗមានដូចជា រោងចក្រកែច្នៃផ្លែឈើ និងរោងចក្រកែច្នៃជ័រកៅស៊ូ)និងគម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦គម្រោង(រោងចក្រផលិតដែកគ្រោងសំណង់គ្រប់ប្រភេទ, រោងចក្រផលិតទឹកស្អាត សម្អាតទឹក និងផ្គត់ផ្គង់អគ្គិសនី, និងសណ្ឋាគារ)។
សូមជម្រាបថា គម្រោងវិនិយោគចំនួន ៥១ ដែលបានអនុម័តឱ្យចុះបញ្ជីនេះ បានធ្វើឱ្យចំនួនគម្រោងវិនិយោគបានចុះបញ្ជីក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កើនដល់ជិត៥០០ គម្រោង ខណៈពេញ១ឆ្នាំ២០២៤ ការចុះបញ្ជីមានត្រឹមតែជាង ៤០០គម្រោងប៉ុណ្ណោះ៕អត្ថបទ៖ ហ្សាលីន



