៨ ខែ​​ឆ្នាំនេះ៖ CDC បានអនុម័ត​គម្រោងវិនិយោគ ៤៩១គម្រោង ក្រោមទុន​៧,២ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

៨ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ។នេះបើតាមសេចក្តីប្រកាសរបស់ CDC នាថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

CDC បន្តថា ​បើគិត​ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ គឺគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដោយឡែកក្នុងខែសីហា ឆ្នាំ២០២៥វិញ CDC បានបញ្ជាក់ថា បានសម្រេច​ចុះបញ្ជីឱ្យ​គម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ ពាន់កន្លែង។ ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​កម្ពុជាបាន​ឈាន​មុខគេ​ដោយ​មាន​ចំណែក ៤៥,៤៨% តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន សិង្ហបុរី, អង់គ្លេសជាដើម​។​

ក្នុងចំណោមគម្រោងវិនិយោគដែលបាន​អនុម័តនៅក្នុងខែសីហានេះដែរ គឺ​គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន ៣៥ គម្រោង(គម្រោងធំៗមាន​ដូច​ជា រោងចក្រកែច្នៃផ្លែឈើ និង​រោងចក្រ​កែច្នៃជ័រកៅស៊ូ)និងគម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦គម្រោង(រោងចក្រ​ផលិតដែក​គ្រោងសំណង់គ្រប់ប្រភេទ, រោងចក្រ​ផលិតទឹកស្អាត សម្អាតទឹក និង​ផ្គត់ផ្គង់អគ្គិសនី, និង​សណ្ឋាគារ)​។

សូមជម្រាបថា គម្រោងវិនិយោគចំនួន ៥១ ដែលបានអនុម័ត​ឱ្យ​ចុះ​បញ្ជីនេះ បាន​ធ្វើ​ឱ្យ​ចំនួន​គម្រោង​វិនិយោគ​បាន​ចុះ​បញ្ជី​ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​២០២៥ កើន​ដល់​ជិត៥០០​ គម្រោង ខណៈ​ពេញ​១​ឆ្នាំ​២០២៤ ​ការ​ចុះ​បញ្ជី​មាន​ត្រឹម​តែ​ជាង ៤០០​គម្រោង​ប៉ុណ្ណោះ៕អត្ថបទ៖ ហ្សាលីន