នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។
ជាមួយគ្នានេះ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។
ក្រសួងកសិកម្ម បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត។
សូមជម្រាបជូនថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕





