សម្ដេចក្រឡាហោម ស ខេង ទទួលបាន«មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» ពីប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» (Great Wall Commemorative Medal) ជូនដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ក្នុងឱកាសនៃការប្រារព្ធពិធីដ៏មហោឡារិក វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី ៦ ឬហៅថា វេទិកា «លានស៊ីនកាង» នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនោះ តាមរយៈប្រព័ន្ធអនឡាញ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះដែរ សម្ដេចក្រឡាហោមក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន។

នាឱកាសថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនោះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខ ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ចុងក្រោយនេះ ដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទី ត្រូវបានអនុវត្តជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែន មិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការ កើនឡើងគួរឱ្យព្រួយបារម្ភ។ 

សម្ដេចបន្តថា ទន្ទឹមនេះ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន បានផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត ។

សូមជម្រាបថា វេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន «កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម» ជាតម្លៃស្នូល ។ 

វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែង ដោយមានការចូលរួមគ្នា ការកសាង និងការ គ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាល អ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕