បើពុំមានការប្រែប្រួលនោះទេ ស្វាយចន្ទីកំពង់ធំនិងធ្វើការចុះបញ្ចីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញហៅកាត់ថា “GI” នៅដើមឆ្នាំ២០២៦ខាងមុខ ស្របពេលថ្មីៗនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំពិភាក្សាស្តីពី ការជំរុញកសាងកេរ្តិ៍ឈ្មោះ និងចុះបញ្ជី “ស្វាយចន្ទីកំពង់ធំជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ”។

លោក សុខ សារ៉ង អ្នកជំនាញការខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)បានឱ្យដឹងថា “ស្វាយចន្ទីកំពង់ធំយើងគ្រោងចុះបញ្ជីឱ្យបានយ៉ាងយូរអាចនៅដើមឆ្នាំ២០២៦។ ការចុះបញ្ជីស្វាយចន្ទីកំពង់ធំនេះ យើងរំពឹងថាវានឹងជួយពង្រីកទីផ្សារបានបន្ថែមទៅលើផ្សារដែលយើងមានស្រាប់ទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ហើយតម្លៃនឹងកើនឡើងជាងមុន”។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ចាត់ទុកស្វាយចន្ទីកំពង់ធំនេះបាននិងកំពុងបោះជំហ៊ានថ្មីមួយទៀតទៅរកការទទួលបានឋានៈជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)នៅពេលខាងមុខ។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា “ស្វាយចន្ទីកំពង់ធំទទួលបានឋានៈជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អាចមានអត្ថប្រយោជន៍ច្រើន សម្រាប់ឧស្សាហកម្មស្វាយចន្ទី។ ដូចជាបង្កើនតម្លៃទីផ្សារផលិតផល,បង្កើនសក្តានុពលនៃការនាំចេញ និងរក្សាចំណេះដឹងប្រពៃណី។ លើសពីនេះវាបានចូលរួមចំណែកអភិវឌ្ឍន៍ជនបទដោយការពាផលិតផលក្នុងស្រុកនិងផ្តល់អំណាចដល់អ្នកផលិតតាមរយៈម៉ាកសមូហភាពមួយនេះ”។
លោកបន្តថា ជាមួយនិងគំនិតផ្តួចផ្តើមថ្មីនេះ កម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ផលិតផល GI ដែលជាមធ្យោបាយមួយសម្រាប់កសាងមោទនភាពជាតិ ធានាបាននូវស្តង់ដារគុណភាព និងជំរុញការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
បើយោងតាមអ្នកជំនាញម៉ាកសម្គាល់ភូមិសាស្ត្រទំនិញខាងលើ គូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលបានចុះបញ្ជីរួចមាន៖(១)-ម្រេចកំពត បានចុះបញ្ជីនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០,(២)-ស្ករត្នោតកំពង់ស្ពឺបានចុះបញ្ជីនៅថ្ងៃទី០២ ខែមេសាឆ្នាំ២០១០,(៣)-ក្រូចថ្លែងកោះទ្រង់បានចុះបញ្ជីនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨,(៤)-ទឹកឃ្មុំព្រៃមណ្ឌលគិរី បានចុះបញ្ជីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០,(៥)-អំបិលកំពតកែបបានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣,(៦)-ទឹកត្រីកំពតកែបបានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣,(៧)-បង្កងតាកែវ បានចុះបញ្ជីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣,និង(៨)-ប្រហុកសៀម រាប ចុះបញ្ជីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕


