មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ប្រាប់ដល់សមាគមសភាពាណិជ្ជកម្មអាមេរិកថា កម្ពុជាមានកសិផលជាច្រើនដែលជាឱកាសវិនិយោគលើការចិញ្ចឹមគោទឹកដោះ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រាក់ ដាវីដ បានប្រាប់ទៅកាន់ស្ថាប័នសមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham)ថា កម្ពុជាមានកសិផលជាច្រើន ដែលជាឱកាសសម្រាប់វិនិយោគក្នុងការកែច្នៃ ជាពិសេសការវិនិយោគលើការចិញ្ចឹមគោទឹកដោះគោ ដែលមានតម្រូវទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយស្ថាប័នសមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ប្រាក់ ដាវីដ បានគូសបញ្ជាក់ទៅកាន់សមាគមសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អំពីកសិផលកម្ពុជាដែលមានជាច្រើនដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងផលិតផលវារីវប្បកម្ម។ ដែលនេះជាឱកាសសម្រាប់វិនិយោគក្នុងការកែច្នៃ ជាពិសេសការវិនិយោគលើការចិញ្ចឹមគោទឹកដោះគោ ដែលមានតម្រូវទីផ្សារក្នុងស្រុក។

លោកក៏បានលើកឡើងពីគោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍កសិកម្មទំនើប ការរក្សាស្ថេរភាពថ្លៃ និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ។ មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវដល់សមាគម (AmCham) គាំទ្រវគ្គបំប៉នភាសាអង់គ្លេសដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ សំដៅបង្កើនសមត្ថភាពភាសា និងអាចជួយដល់ការងារស្រាវជ្រាវផ្សេងៗផងដែរ។

គួរឱ្យដឹងថា ពាក់ព័ន្ធនឹងការចិញ្ចឹមគោទឹកដោះ គិតត្រឹមខែមីនា ឆ្នាំ២០២៤ កម្ពុជាមានគោប្រមាណជាង២ពាន់ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ជាង ១៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង ៥លានលីត្រ ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ១៧% នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០លានលីត្រ។

ជាមួយគ្នានេះ កម្ពុជាក៏មានកសិដ្ឋានផលិតគោយកទឹកដោះធំៗចំនួន៤ ទីតាំង រួមមាន កសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉៕