លោក ហេង សួរ ៖ កម្ពុជា នឹងដាក់ដំណើរការភូមិខ្មែរនៅប្រទេសជប៉ុន នាចុងខែមិថុនា ខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានឱ្យដឹងថា កម្ពុជា នឹងដាក់ដំណើរការភូមិខ្មែរនៅប្រទេសជប៉ុន នាចុងខែមិថុនា ខាងមុខនេះ ខណៈកម្ពុជា រំពឹងថា តាមរយៈការដាក់ដំណើរការភូមិខ្មែរនេះដែរ នឹងជួយទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ពិសេសភ្ញៀវជប៉ុនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមរយៈជំនួប រវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ តំណាងគណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។

ជាការឆ្លើយតប លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមាន ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម។

យ៉ាងណាក៏ដោយ បើតាមភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងការងារ៕