លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា ការវិនិយោគ និងពាណិជ្ជកម្មចិន គឺជាដៃគូធំបំផុតរបស់កម្ពុជា ខណៈលោកក៏បានបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា ពិសេសផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយអភិបាលខេត្តហ្វូជៀន លោក ចាវ ឡុង ក្នុងបេសកកម្មដឹកនាំប្រតិភូកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកអភិបាលខេត្ត បានរំលេចជូននូវកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញឱ្យមានពិព័រណ៍សម្រាប់ជំរុញការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នេះឡើង ខណៈលោកក៏ប្រាប់ពីសក្ដានុពលសំខាន់ៗរបស់ខេត្ត Fujian និងកិច្ចសហការសំខាន់ៗរវាងខេត្តហ្វូជៀន ទៅកាន់កម្ពុជាផងដែរ។ លោករំពឹងថា កិច្ចសហការកម្ពុជា-ចិន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនដែលបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា ហើយលោកបានស្នើសុំឱ្យកិច្ចការងារនេះបន្តជំរុញធ្វើឱ្យបានកាន់តែច្រើនឡើងលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបោះទុននៅកម្ពុជា ពិសេសតាមរយៈកម្មវិធីCIFIT។
ជាមួយគ្នានេះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាសូមថ្លែងអំណរគុណ និងបន្តជំរុញចំពោះការគាំទ្ររបស់ប្រទេសចិនក្នុងការជួយសាងសង់ផ្លូវស្ពានជាច្រើននៅកម្ពុជា ហើយបានគូសរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រពីប្រធានាធិបតីចិនផងដែរ។
សូមជម្រាបថា ក្នុងខែសីហា ឆ្នាំ២០២៥វិញ CDC បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧ ពាន់កន្លែង។ ទុនវិនិយោគពីសំណាក់វិនិយោគិនកម្ពុជាបានឈានមុខគេដោយមានចំណែក ៤៥,៤៨% តាមពីក្រោយដោយប្រទេសចិន សិង្ហបុរី, អង់គ្លេសជាដើម៕ អត្ថបទ៖ហ្សាលីន


