ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាសិង្ហបុរី ចង់ផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ

សង្គម​ និង​សេដ្ឋកិច្ច

លោក Konstantin Novoselov ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានរំលេចពីគម្រោងពាក់ព័ន្ធវិទ្យាសាស្ត្រមួយចំនួនដែលកំពុងដំណើរការនៅតាមសាលារៀន និងសាកលវិទ្យាល័យរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមយោងតាមរយៈជំនួបពិភាក្សាការងារជាមួយរវាងលោក Konstantin Novoselov ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី ជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

លោក Konstantin Novoselov បានគូសបញ្ជាក់នូវគោលបំណងរបស់ខ្លួនចំនួន២ ទី១) ដើម្បីស្វែងរកយុវជនឆ្នើមកម្ពុជាដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ ចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវរួមគ្នា (Research Project) នៃសាកលវិទ្យាជាតិសិង្ហបុរី និងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍នានា ២) ពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត ឬ ការបង្កើតវិទ្យាស្ថាន សម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេស (Institute For Functional Intelligent Materials) នៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។

ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានរំលេចពីគម្រោងពាក់ព័ន្ធវិទ្យាសាស្ត្រមួយចំនួនដែលកំពុងដំណើរការនៅតាមសាលារៀន និងសាកលវិទ្យាល័យរដ្ឋ និងបានចែករំលែកពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអប់រំឧត្តមសិក្សានៅកម្ពុជា ដោយកំពុងផ្តោតយកចិត្តទុកដាក់លើការជំរុញ និងបង្កឱកាសឱ្យសិស្សនិស្សិត ផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀននៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង តាមរយៈគម្រោងជាច្រើនក្នុងកិច្ចសហប្រតិបត្តការរវាងសាកលវិទ្យាល័យរដ្ឋ និងសាកលវិទ្យាល័យបរទេសនានា ក៏ដូចជាកិច្ចសហការជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំថ្នាក់វិទ្យាសាស្ត្រ ដោយបញ្ចូលការអប់រំស្ទែមទៅក្នុងកម្មវិធីសិក្សា ជាពិសេសនៅសាលារៀនជំនាន់ថ្មី(NGS) ដែលបង្រៀនដោយប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី Project Based Learning ដើម្បីបង្កើតនិងពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង និងជំនាញសតវត្សទី២១ដល់យុវជនកម្ពុជា។

នាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាដែលមានគោលដៅជំរុញនូវការអភវិឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ និង២០៥០៕