ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានប្រកាសអនុញ្ញាតឲ្យជនបរទេសអាចមានសិទ្ធិកាន់កាប់ដីធ្លីរហូតដល់ ៩៩ឆ្នាំ ខណៈពេលដែលប្រទេសនេះ កំពុងព្យាយាមទាក់ទាញអ្នកវិនិយោគជាមួយនឹងការផ្តល់ជូនកិច្ចសន្យាអចលនទ្រព្យរយៈពេលវែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់សេរីភាវូបនីយកម្មមួយស្តីពីការជួលដីឯកជនដោយអ្នកវិនិយោគបរទេស។ ជុំវិញច្បាប់ថ្មីនេះ នឹងត្រូវធ្វើវិសោធនកម្មពីច្បាប់ចាស់ នៅឆ្នាំ១៩៩៣ ដែលអនុញ្ញាតឲ្យមានកិច្ចសន្យាជួលត្រឹមរយៈពេល ៥០ឆ្នាំ និងអាចបន្តបានម្តងទៀត រហូតដល់ ២៥ឆ្នាំ។
គួរឲ្យដឹងផងដែរថា វិធានការថ្មីនេះ មានគោលបំណងលើកទឹកចិត្តអ្នកវិនិយោគ ក្នុងការកសាងតំបន់ឧស្សាហកម្ម និងរោងចក្រ ព្រមទាំងគម្រោងទេសចរណ៍ និងកសិកម្មនៅក្នុងតំបន់ប្រជុំកោះ។
ជម្រាបជូនថា យោងតាមធនាគារកណ្តាលហ្វីលីពីន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស ទៅកាន់ប្រទេសហ្វីលីពីន បានធ្លាក់ចុះអស់ ២៦,៩% មកនៅត្រឹម ៣ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែឧសភា៕

