ក្រុមហ៊ុនផ្សាំខួរក្បាល Neuralink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញពីគោលដៅក្នុងការដាក់បន្ទះឈីបនៅក្នុងខួរក្បាលរបស់មនុស្សចំនួន ២ ម៉ឺននាក់ ក្នុងមួយឆ្នាំ ដោយបង្កើតប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ ១ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣១ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុន Neuralink ត្រូវបានគេរាយការណ៍ថា មានគោលបំណងក្នុងការបើកដំណើរការគ្លីនិកធំៗចំនួនប្រាំ ក្នុងរយ:ពេល ៦ឆ្នាំខាងមុខ ក្នុងការដាំបន្ទះឈីបទៅក្នុងខួរក្បាលមនុស្ស ដែលអាចបំលែងសញ្ញាសរសៃប្រសាទ បញ្ជូនទៅកាន់កុំព្យូទ័រ ឬទូរស័ព្ទ សម្រាប់អ្នកជំងឺដែលមានពិការភាពផ្នែកខួរក្បាល។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់លោក Musk នេះ រំពឹងទុកថានឹងទទួលបានបានការយល់ព្រមពីបទប្បញ្ញតិសម្រាប់ឧបករណ៍ Telepathy របស់ខ្លួន នៅឆ្នាំ២០២៩ ជាមួយនឹងផែនការវះកាត់ដាក់បន្ទះឈីបក្នុងខួរក្បាល ចំនួន ២ ០០០ ដងក្នុងមួយឆ្នាំ និងបង្កើតប្រាក់ចំណូលឲ្យបាន ១០០លានដុល្លារ។ នៅឆ្នាំ២០៣០ Neuralink រំពឹងថានឹងបន្តចាប់ផ្តើមបច្ចេកវិទ្យា Blindsight របស់ខ្លួន ដោយពង្រីកការវះកាត់ដល់ ១០ ០០០ ដង ក្នុងមួយឆ្នាំ និងបង្កើតប្រាក់ចំណូលជាង ៥០០លានដុល្លារ។
ជម្រាបជូនថា Neuralink កាលពីពេលខែមុន បានរៃអង្គាសទឹកប្រាក់បានចំនួន ៦៥០លានដុល្លារ នៅក្នុងមូលនិធិចុងក្រោយរបស់ខ្លួន នៅពេលដែលការផ្សាំខួរក្បាល ត្រូវបានដាក់ឲ្យសាកល្បងព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន។
ជម្រាបជូនផងដែរថា Neuralink បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យាផ្សាំបន្ទះឈីបក្នុងខួរក្បាលលើមនុស្សជាលើកដំបូង នៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានដោះស្រាយបញ្ហាសុវត្ថិភាព ជាមួយស្ថាប័ន FDA ដែលដំបូងឡើយបានច្រានចោលកម្មវិធីព្យាបាលរបស់ Neuralink ក្នុងឆ្នាំ២០២២៕

