រដ្ឋបាលសុវត្ថិភាពចរចារណ៍ផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បាននិយាយនៅថ្ងៃទី៩ ខែកញ្ញានេះថា ក្រុមហ៊ុន Ford កំពូងប្រមូលរថយន្តប្រហែល ១,៥ លានគ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយសារតែបញ្ហាកាមេរ៉ាមើលខាងក្រោយ ដែលបង្ហាញឲ្យរូបភាពបង្ហាញមកបញ្រ្ចាស ខូចទ្រង់ទ្រាយ ឬមិនឃើញអ្វីសោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

NHTSA បានបង្ហាញឲ្យដឹងទៀតថា ការប្រមូលមកវិញសារនេះ នឹងប៉ះពាល់ដល់រថយន្តផលិតចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ សម្រាប់ម៉ូដែល Lincoln MKC, Lincoln Navigator, Mustang, F-250, F-350, F-450, F-550, Expedition, Edge, Transit, Transit Connect, Econoline និង Ranger ជាដើម។
ទីភ្នាក់ងារដដែលនេះ បាននិយាយថា តំណាងចែកចាយរថយន្ត Ford នៅសហរដ្ឋអាមេរិក នឹងត្រួតពិនិត្យ ក៏ដូចជាជំនួសកាមេរ៉ាក្រោយថ្មី ដោយមិនគិតថ្លៃដល់ម្ចាស់រថយន្តដែលជួបបញ្ហា៕

