លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុនជាង ៣,៣ លានហ៊ុន នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលមានតម្លៃសរុបប្រហែល ៧៣៦,៧លានដុល្លារ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការសម្រេចលក់ភាគហ៊ុននេះ បានកើតឡើង បន្ទាប់ពីលោក Bezos បានរៀបអាពាហ៍ពិពាហ៍ ជាមួយតារាម៉ូដែល និងជាអ្នកសារព័ត៌មាន លោកស្រី Lauren Sanchez កាលពីសប្តាហ៍មុន នៅក្នុងពិធីមង្គលការដ៏ប្រណីតបំផុតមួយ រៀបចំធ្វើងឡើងនៅទីក្រុង Venice ប្រទេសអ៊ីតាលី ដែលចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លារ។
គួរឲ្យដឹងផងដែរថា ការលក់ភាគហ៊ុននេះ គឺជាផ្នែកមួយនៃផែនការលក់របស់លោក Bezos ដែលបានរៀបចំទុកជាមុន ចាប់តាំងពីខែមីនាមកម្លេះ ដោយលោកមានគម្រោងលក់ចេញភាគហ៊ុនរហូតដល់ទៅ ២៥ លានហ៊ុន នៅត្រឹមខែឧសភា ឆ្នាំ២០២៦។
យ៉ាងណាក៏ដោយ បើទោះបីជាមានការលក់ចេញភាគហ៊ុនថ្មីៗនេះក៏ដោយ ក៏លោក Bezos នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Amazon ដដែល ដោយកាន់កាប់ភាគហ៊ុនសរុបប្រហែល ៩០៥ លានហ៊ុន។
ជម្រាបជូនថា ដោយបានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon ក្នុងឆ្នាំ២០២១ លោក Bezos នៅតែបន្តធ្វើជាប្រធានក្រុមហ៊ុន។ លោកតែងតែលក់ភាគហ៊ុន ដើម្បីផ្តល់មូលនិធិដល់ក្រុមហ៊ុនបណ្តាក់ទុនផ្សេងទៀត ដូចជាក្រុមហ៊ុនអវកាស Blue Origin និងផ្តល់ទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញ Day 1 Academies របស់លោក ផងដែរ។ បច្ចុប្បន្ន លោក Bezos មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤០ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Elon Musk និង Mark Zuckerberg ។ នេះបើតាមការចុះផ្សាយពី Bloomberg៕