ភ្នំពេញ៖ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និង្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀត។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាទាក់ទងនឹងការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិសម្រាប់អ្នកទិញលំនៅឋានលើកដំបូង, ២. បញ្ហាពន្ធលើផ្ទាំងផ្សព្វផ្សាយ, ៣. បញ្ហាទាក់ទងនឹងពន្ធលើចំណេញមូលធន រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕






