អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្តល់ដំបូន្មាន និងតម្រង់ទិសដល់សិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អំពីការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ នាពេលអនាគត។

អ្នកឧកញ៉ា បានលើកឡើងក្នុងពិធីប្រគល់ និងទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤-២០២៥ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ការជ្រើសរើសជំនាញមិនគួរត្រឹមតែផ្អែកលើការងាយស្រួលរកការងារធ្វើទេ ប៉ុន្តែគួរត្រូវបានគិតពិចារណាតាមតម្រូវការជាក់ស្តែងរបស់ប្រទេស និង ជំនាញសំខាន់ៗ ដែល១០ឆ្នាំទៅមុខទៀត សូម្បីប្រទេសជឿនលឿនទូទៅ ក៏គេត្រូវការដែរ។ ជំនាញទាំងនេះរួមមាន បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត្ត វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្តសុខាភិបាល អប់រំ វិទ្យាសាស្រ្តសង្គម និងបច្ចេកវិទ្យាកសិកម្ម ជាដើម។
អ្នកឧកញ៉ា ស្ថាបនិកសាលា AIS បានបន្ថែមថា ជាក់ស្តែងបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងត្រូវការជំនាញវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រការអភិវឌ្ឍដូចជា ការគូរប្លង់ ការសាងសង់អាគារ សាងសង់ផ្លូវថ្នល់ ស្ពាន អគ្គិសនី និងទីក្រុងវៃឆ្លាត។ លើសពីនេះ បច្ចេកវិទ្យាកសិកម្ម ក៏ត្រូវបានគេចាត់ទុកថាជាកត្តាសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងការឆ្លើយតបចំពោះបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។ លើសពីនេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏បានលើកទឹកចិត្តឱ្យសិស្សនិស្សិតខិតខំស្រាវជ្រាវ សរសេរសៀវភៅឱ្យបានច្រើន ដើម្បីចែកចាយចំណេះដឹង ទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី គឺជាអ្នកវិនិយោគលើវិស័យអប់រំមួយរូបជាច្រើនឆ្នាំមកហើយ។ លោកជាម្ចាស់សាលា Aii និង AIS ហើយជានិច្ចកាលលោកតែងតែចែករំលែកសារលើកទឹកចិត្តដល់យុវជន សិស្ស-និស្សិត និងធុរជន ព្រមទាំងវិធីសាស្រ្តក្នុងការសិក្សារៀនសូត្រ ក៏ដូចជាបំណិនជីវិតផ្សេងៗ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕



