តម្លៃមាសអន្តរជាតិ បានបន្តកើនឡើងដល់ប្រមាណ ៣ ៦៧៤ដុល្លារ ក្នុងមួយអោន ពោលគឺបានកើនឡើងពីតម្លៃខ្ពស់បំផុតពីមុនចំនួន ៣ ៦៣៦ដុល្លារ ក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់ នៅក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

គួរឲ្យដឹងថាតម្លៃមាសអន្តរជាតិ បានកើនឡើងប្រហែល ៣០% រួចមកហើយនៅ គិតចាប់តាំងពីដើមឆ្នាំនេះមក ក្រោយពីមានការកើនឡើងប្រមាណ ២៧% នៅឆ្នាំ ២០២៤។ ចំណុចសំខាន់ដែលធ្វើឲ្យតម្រូវការនៃមាស មានការកើនឡើងនាពេលថ្មីៗនេះ គឺដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ បានកើតឡើងចំពេលមានការព្រួយបារម្ភខ្លាំងអំពីនិរន្តរភាពនៃបំណុលរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ យោងតាមលោក Sean Callow អ្នកវិភាគជាន់ខ្ពស់របស់ InTouch Capital Markets បាននិយាយថា ៖”ការកើនឡើងនៃតម្លៃមាសប្រាប់យើងថាអ្នកវិនិយោគទូទាំងពិភពលោកកំពុងបាត់បង់ទំនុកចិត្តលើប្រាក់ដុល្លារអាមេរិក ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងរបៀបដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកកំពុងត្រូវបានអនុវត្ត” ។
លោកបន្តទៀតថា ៖”ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃមាសនៅឆ្នាំនេះបានកើតឡើងនៅក្នុងខែមេសា ដោយសារការភ័យខ្លាចថាគោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យខូចទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងទំនាក់ទំនងពិភពលោក។ ហើយតម្លៃបានបន្តកើនឡើងជាថ្មីម្តងទៀតនៅខែមុននេះ ខណៈពេលដែលសេតវិមាន បន្តដាក់សម្ពាធម្តងហើយម្តងទៀត ទៅលើធនាគារកណ្តាលអាមេរិក Fed ដើម្បីឲ្យកាត់បន្ថយអត្រាការប្រាក់”៕

