តម្លៃប្រាក់យ៉េន បានកើនឡើងដល់កម្រិតយ៉ាងខ្ពស់បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក សម្រាប់វគ្គជួញដូរលើកទីបីជាប់ៗគ្នា ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើអន្តរាគមន៍រួមគ្នានៅក្នុងទីផ្សារប្តូរប្រាក់បរទេស កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សុាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមព្រឹកថ្ងៃទី៣ ខែសីហា តម្លៃប្រាក់យ៉េនជប៉ុនបានកើនឡើង ១% ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយនៅចំណុចមួយជាមួយអត្រាប្តូរប្រាក់ ១ដុល្លារអាមេរិកស្មើនឹង ១៥៥,២យ៉េនជប៉ុន។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រាក់យ៉េនក្នុងរយៈពេលបីខែកន្លងមក។
គួរឲ្យដឹងថា ប្រាក់យ៉េនក៏បានកើនឡើងធៀបនឹងរូបិយប័ណ្ណផ្សេងទៀតដូចជាប្រាក់អឺរ៉ូ និងប្រាក់ផោនអង់គ្លេស ផងដែរ។ ការវិវត្តនេះបានជំរុញឱ្យមានការរំពឹងទុកថាអាជ្ញាធរជប៉ុនប្រហែលជាបានបន្តធ្វើអន្តរាគមន៍នៅក្នុងទីផ្សារបន្ថែមទៀត។
កាលពីចុងសប្តាហ៍មុន តម្លៃប្រាក់យ៉េនបានកើនឡើងជាង ៣% ធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលនៃការជួញដូរត្រឹមតែពីរវគ្គប៉ុណ្ណោះ។ ជុំវិញការកើនឡើងនេះ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់នៅថ្ងៃទី៣១ ខែកក្កដាថា ខ្លួនបានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការទិញប្រាក់យ៉េននៅលើទីផ្សារ។ ទិន្នន័យពីធនាគារជប៉ុន (BOJ) បានបង្ហាញថា លុយប្រហែល ៥៨,៩ពាន់លានយ៉េនត្រូវបានទិញ គិតនៅថ្ងៃទី៣០ ខែកក្កដា។
លើកចុងក្រោយដែលសហរដ្ឋអាមេរិកបានគាំទ្រដោយផ្ទាល់ដល់ប្រាក់យ៉េន គឺនៅឆ្នាំ២០១១ ដោយសម្របសម្រួលជាមួយក្រុមប្រទេស G7 ផ្សេងទៀតដើម្បីធ្វើឱ្យទីផ្សារមានស្ថេរភាពបន្ទាប់ពីគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។
ជម្រាបជូនថា ប្រាក់យ៉េនស្ថិតនៅក្រោមសម្ពាធអស់រយៈពេលជាច្រើនឆ្នាំដោយសារតែល្បឿនយឺតនៃគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងខ្លាំងរបស់ធនាគារជប៉ុន។ កត្តានេះបាននាំឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៃអត្រាការប្រាក់រវាងប្រទេសជប៉ុន និងប្រទេសដទៃទៀត។ អត្រាការប្រាក់របស់សហរដ្ឋអាមេរិកបច្ចុប្បន្នមានប្រហែល ៣,៥-៣,៧៥% ខណៈពេលដែលតួលេខនៅប្រទេសជប៉ុនគឺ ១%៕

