លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ បានកោតសរសើរដល់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) របស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាទីកន្លែងដែលលោកបានស្នាក់នៅអំឡុងពេលដែលលោកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។

លោក Michael B Alfaro បានធ្វើដំណើរមកកម្ពុជា អំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ហើយនៅយប់ថ្ងៃទី១៥ ខែសីហា លោកបានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង ផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងថ្ងៃនោះដែរ លោកបានផ្សាយផ្ទាល់ (Live) ទាំងហាលភ្លៀងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអំពីការឈ្លានពានរបស់ថៃ ដោយរាយបន្លាលួសចូលផ្ទះអ្នកភូមិជោគជ័យ របស់ប្រទេសកម្ពុជា ធ្វើឱ្យមានការចាប់អារម្មណ៍មានអ្នកទស្សនារាប់លាននាក់ទូទាំងពិភពលោកផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ ក្រោយចុះបេសកកម្មនៅកម្ពុជាមួយរយៈពេលខ្លី និងបានចុះទស្សនកិច្ចជាច្រើនកន្លែង លោកក៏បានសរសើរដល់សណ្ឋាគារ សាន់ & មូន។ នៅលើទំព័រហ្វេសប៊ុក កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក Michael B Alfaro បានសរសេរសារជាភាសាអង់គ្លេស ដែលមានអត្ថន័យជាខ្មែរដូច្នេះថា៖ “ពេលនេះខ្ញុំត្រឡប់មកដល់ផ្ទះវិញហើយ ប៉ុន្តែបេះដូងរបស់ខ្ញុំនៅតែនឹកដល់កម្ពុជា។ សណ្ឋាគារ សាន់ & មូន (ត្រូវបានទទួលស្គាល់ថាជាក្រុមបដិសណ្ឋារកិច្ចឈានមុខគេនៅអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥) គឺពិតជាទីជម្រកដ៏ពិតប្រាកដ បានផ្តល់ដល់រូបខ្ញុំនូវភាពស្រស់ត្រកាល និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលបានបង្កើតនូវបទពិសោធន៍មិនអាចបំភ្លេចបាន ពិសេសភាពកក់ក្តៅ និងចិត្តសប្បុរសរបស់ប្រជាជន ធ្វើឱ្យទៅកាន់ប្រទេសកម្ពុជា មានអារម្មណ៍ថាដូចនៅផ្ទះខ្លួនឯង”។
លោកបានបន្តថា៖ “ទីនោះគឺជាផ្ទះមួយ ខ្ញុំនឹងចងចាំជារៀងរហូត ទោះបីជាខ្ញុំទៅដល់ទីណាក៏ដោយ។ ខ្ញុំបានណែនាំមិត្តភ័ក្តិរបស់ខ្ញុំនៅអាមេរិក ឱ្យធ្វើដំណើរ និងទៅវិនិយោគនៅទឹកដីអង្គរដែនដីអច្ឆរិយនៃពិភពលោករបស់កម្ពុជា។ អូរ ខ្ញុំភ្លេចប្រាប់ថា សណ្ឋាគារ សាន់ & មូន គឺមានម្ចាស់ជាជនជាតិខ្មែរ ១០០%! សូមទៅស្នាក់នៅបាន! www.sunandmoonhotelgroup.com”។
សូមជម្រាបថា សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បង្កើតដោយកូនខ្មែរសុទ្ធសាធ ចំណាយទុនវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក ស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានភាពបត់បែនងាយស្រួលក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជាកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗផងដែរ៕





