ក្នុងខែសីហា ការនាំចូលទំនិញពីថៃមកកម្ពុជាថយចុះជិត៣០%

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងខែសីហា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានតម្លៃជាង ២១៣លានដុល្លារថយចុះ ២៩.១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានតម្លៃ ៣០១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានឱ្យដឹងថា នៅក្នុង​ខែសីហា ឆ្នាំ២០២៥ កម្ពុជានាំចូលទំនិញពីថៃ មានតម្លៃជាង ២១៣លានដុល្លារ ខណៈនាំចេញទៅថៃវិញ មានតម្លៃជាង ៤៦លានដុល្លារ ថយចុះ៣៦.២%។

គួរបញ្ជាក់ថា ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃ មកកម្ពុជា មានតម្លៃជាង ១៦៦លានដុល្លារ ពោលគឺបានធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។ ដោយឡែកការនាំចេញពីកម្ពុជាទៅថៃក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ 

គួរបញ្ជាក់ដែរថា ចាប់​​​តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឈានដល់ការបិទព្រំដែនជាឯកតោភាគីពីថៃ ការផ្ទុះអាវុធមក ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាបន្តបន្ទាប់។

សូមជម្រាបដែរថា ក្នងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានតម្លៃ ២.៦ពាន់លានដុល្លារ ថយចុះ​៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានតម្លៃជាង ៥៣៤លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាមានតម្លៃ២.១​ពាន់លានដុល្លារ៕