ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ត្រូវបានគេមើលឃើញថាបានកើនឡើងជាង ១១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសហ្វវែរកំពូលរបស់អាមេរិកមួយនេះ បានហក់ឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ភាគហ៊ុនរបស់ Oracle បានកើនឡើងច្រើនជាង ៤០% គិតនៅត្រឹមថ្ងៃទី១០ ខែកញ្ញាកន្លងទៅ បន្ទាប់ពីអាជីវកម្ម Cloud របស់ក្រុមហ៊ុន ត្រូវបានព្យាករថានឹងមានភាពរីកចម្រើនជាវិជ្ជមាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
យ៉ាងណាមិញ ដោយសារតែកើនឡើងនៃភាគហ៊ុនយ៉ាងខ្លាំងនេះ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Ellison ក៏បានហក់ឡើងដល់ជាង ១១០ពាន់លានដុល្លារផងដែរ។ ចំនួននេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក Ellison កើនឡើងដល់ប្រមាណ ៣៩១ពាន់លានដុល្លារ ពោលគឺតាមតែពីក្រោយមហាសេដ្ឋី Elon Musk ប៉ុណ្ណោះ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក ជាមួួយទ្រព្យសរុប ៤៣៦ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើតំណែងជាប្រធានក្រុមហ៊ុន Oracle លោក Ellison ក៏មានតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនផងដែរ។ មហាសេដ្ឋីលំដាប់កំពូលរូបនេះ ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ផងដែរ៕

