ចំនួនចុះបញ្ជីអាជីវកម្មថ្មីៗ នៅក្នុងប្រទេសថៃ កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេលមួយទសវត្សរ៍

អន្តរជាតិ

ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានកត់ត្រាក្រុមហ៊ុនសរុបចំនួន ៨៥ ៣០០ ក្រុមហ៊ុន ដែលបានចុះបញ្ជីអាជីវកម្មថ្មីៗ នៅក្នុងឆ្នាំ២០២៣ ពោលគឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ជាមួយនឹងដើមទុនចុះបញ្ជីដែលមានតម្លៃសរុបជាង ៥៦០ពាន់លានបាត (ប្រមាណ ១៥,៧២ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍វិនិយោគរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៣ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ នាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្មដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ២៩% នៃអាជីវកម្មថ្មីៗ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងបាងកក ដោយក្នុងនោះមាន ២៥ ​១២០ ក្រុមហ៊ុន ខណៈចំនួនអាជីវកម្មដែលនៅសេសសល់ ត្រូវបានចុះបញ្ជីនៅក្នុងខេត្តផ្សេងៗ នៅទូទាំងប្រទេស ដោយមានក្រុមហ៊ុនសរុបចំនួន ៦០ ១៨០ ។

គួរឲ្យដឹងថា នៅទីក្រុងបាងកក អាជីវកម្មកំពូលទាំងប្រាំដែលបានឃើញពីការកើនឡើងដ៏ច្រើនបំផុត សម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីៗកាលពីឆ្នាំមុន គឺភាគច្រើនផ្តោតទៅលើប្រតិបត្តិការនៅក្នុងការផលិតគ្រឿងអេឡិចត្រូនិក កន្លែងកម្សាន្ត ហាងនំប៉័ង ហ្គេម និងប្រដាប់ក្មេងលេង រួមទាំងសេវាកម្មការងារផ្សេងទៀតផងដែរ។

ដោយឡែក នៅតាមបណ្តាខេត្តវិញ ការចុះបញ្ជីអាជីវកម្មថ្មីៗកំពូលទាំងប្រាំដែលមើលឃើញថាមានការកើនឡើងច្រើន មានដូចជាការលក់បោះដុំគ្រឿងបន្លាស់ម៉ូតូ ហាងជួលម៉ូតូ ហាងប្តូររូបិយប័ណ្ណ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការបើកសាលាអប់រំផ្នែកបច្ចេកវិទ្យា ជាដើម។

ជម្រាបជូនទៀតផងដែរថា បើតាមនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម បានធ្វើការប៉ាន់ប្រមាណថាចំនួនក្រុមហ៊ុនថ្មីៗ នៅក្នុងប្រទេសថៃអាចនឹងឈានដល់ ៩៥ ០០០ ក្រុមហ៊ុន ក្នុងឆ្នាំ២០២៤ នេះ ពោលគឺនឹងកើនឡើងពី ៥% ទៅ ១០% បើធៀបនឹងឆ្នាំមុន៕