ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសឈប់ទិញប្រេង និងហ្គាស់ ពីប្រទេសរុស្ស៊ីទៀតហើយ

អន្តរជាតិ

ក្រុមហ៊ុនថាមពល Shell បាននិយាយកាលពីថ្ងៃអង្គារទី ៨ មីនាថា ពួកគេនឹងដកខ្លួនចេញពីអាជីវកម្មប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ហើយក៏នឹងបញ្ឈប់ការទិញយកប្រេងឆៅពីប្រទេសនេះផងដែរ ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដែលកំពុងតែបន្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសនេះ ក៏បានចេញមុខសុំទោសផងដែរ សម្រាប់ការបន្តទិញប្រេងពីប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន ដោយបានបន្ថែមថារឿងនេះ វាមិនគួរកើតឡើងនោះឡើយ ។

លើសពីនេះ ក្រុមហ៊ុន Shell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ថ្ងៃនេះ Shell បានប្រកាសពីចេតនា ក្នុងការដកខ្លួនចេញពីអាជីវកម្មអ៊ីដ្រូកាបូនទាំងអស់ ក្នុងប្រទេសរុស្ស៊ី រួមទាំងប្រេងឆៅ ផលិតផលប្រេង ឧស្ម័ន និងឧស្ម័នធម្មជាតិរាវផងដែរ ដោយស្របតាមការណែនាំថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ” ។ ” ហើយជាជំហានដំបូងភ្លាមៗ ក្រុមហ៊ុន នឹងបញ្ឈប់រាល់ការទិញប្រេងឆៅពីប្រទេសរុស្ស៊ី ” ។

ហើយទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏នឹងបិទស្ថានីយផ្តល់សេវាកម្ម ប្រេងឥន្ធន:អាកាសចរណ៍ និងប្រតិបត្តិការប្រេងរំអិលរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីផងដែរ ។

គួរឱ្យដឹងផងដែរថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើន បានឈប់ធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកការលុកលុយទៅលើអ៊ុយក្រែន កាលពីចុងខែមុនមក ៕

ប្រភព: CNA