ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៤% នៅឆ្នាំ២០២៣

អន្តរជាតិ

ទិន្នន័យឧស្សាហកម្មបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារតែការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសមាគមអ្នកនាំចូល និងចែកចាយរថយន្តកូរ៉េ (KAIDA) បានបង្ហាញថា កូរ៉េខាងត្បូងបានលក់រថយន្តនាំចូលទាំងនោះចំនួន ២៧១ ០៣៤គ្រឿងនៅក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ៤,៤% បើប្រៀបធៀបនឹងឆ្នាំ២០២២។

ការថយចុះនៃការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងនេះ បានកើតឡើងនៅពេលដែលអត្រាការប្រាក់កើនឡើងខ្ពស់នៅក្នុងសេដ្ឋកិច្ចសំខាន់ៗ ហើយបានជំរុញឲ្យមានការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងនាំឲ្យមានការធ្លាក់ចុះតម្រូវការរថយន្តប្រណីត ដែលនាំចូលមកពីបរទេស។

គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់ BMW ជាប់ចំណាត់ថ្នាក់កំពូលទាក់ទិនទៅនឹងការលក់រថយន្តនៅទឹកដីកូរ៉េខាងត្បូង ក្នុងចំណោមក្រុមហ៊ុនបរទេសដ៏ទៃទៀត ដោយតួយ៉ាងក្រុមហ៊ុននេះបានលក់រថយន្តរបស់ខ្លួនចំនួន ៧៧ ៣៩៥គ្រឿងនៅក្នុងឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តប្រណីតខ្សែស្រឡាយអាឡឺម៉ង់មួយទៀតគឺក្រុមហ៊ុន Mercedes-Benz មានការលក់រថយន្តបានចំនួន ៧៦ ៦៩៧គ្រឿង បន្ទាប់មកក្រុមហ៊ុនដូចជា Audi មាន ១៧ ៨៦៨គ្រឿង, Volvo មាន ១៧ ០១៨គ្រឿង, Lexus មាន ១៣ ៥៦១គ្រឿង, Porsche មាន ១១ ៣៥៥គ្រឿង និងក្រុមហ៊ុន Volkswagen មាន ១០ ២៤៧គ្រឿងផងដែរ។

បន្ថែមផងដែរថា ម៉ាកយីហោរថយន្តអឺរ៉ុបដែលលក់នៅប្រទេសកូរ៉េខាងត្បូងមានចំនួន ២៣០ ៩៧២គ្រឿង ដែលស្មើនឹង៨៥,២% នៃចំនួនសរុប ខណៈម៉ាកយីហោជប៉ុនក៏មានចំណែកទីផ្សារចំនួន៨,៦% ហើយម៉ាកយីហោអាមេរិកវិញបានកត់ត្រានៃចំណែកទីផ្សាររបស់ខ្លួនដែរថា មានចំនួន៦,១%៕