ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំរួមគ្នា ជាមួយភាគីពាក់ព័ន្ធ ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដើម្បីកៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយនៅកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងដឹកនាំដោយ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច លោក ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម និងព្រះវិហារ ព្រមទាំងតំណាងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តកំពង់ធំ តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា និងកៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា ព្រមទាំងដើម្បីពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជាពីអ្នកចូលរួមក្នុងសិក្ខាសាលា។
សូមជម្រាបថា ដំណាំស្វាយ គឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។ ជាក់ស្តែង បើគិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានក្រុមហ៊ុននាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនមានចំនួន៥ក្រុមហ៊ុនផងដែរ៕អត្ថបទ៖ហ្សាលីន




