ហ៊្វូជៀន៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកវិនិយោគចិនជនជាតិមីននៅកម្ពុជា បានព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងចិន។

ព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំងពីរនេះ ផ្ដោតលើកិច្ចសហប្រត្តិការ ៣ចំណុចសំខាន់ៗ រួមមាន៖ ១)ការលើកកម្ពស់ធុរកិច្ច និងវិនិយោគ ២)ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច និង ៣)ការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាព។
សូមជម្រាបថា ពិធីកិច្ចព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះ ធ្វើឡើងក្នុងសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម Wiao Kui អភិបាលរងខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច ព្រមទាំងការចូលរួមពីធុរជនចិនមកពីចម្រុះវិស័យជាច្រើននាក់ផងដែរ៕





