សមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបវិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគក្រោម «ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា»

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែសីហា និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ រួមជាមួយអ្នកឧកញ៉ា លី ឆូកឆៃ និងឧកញ៉ា សូ សុខប៊ុនលីម សមាជិកសមាគម អញ្ជើញចូលរួមក្នុងជំនួបជាមួយវិនិយោគិនក្នុងវិស័យកសិឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគក្រោម «ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងត្រូវបានរៀបចំដោយ ក.អ.ក. សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

សូមបញ្ជាក់ថា «ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» ត្រូវបានអនុម័តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍឧស្សាហូបនីយកម្មកសិឧស្សាហកម្ម តាមរយៈគំរូអាជីវកម្ម «វិស័យឯកជនជាអ្នកអនុវត្ត ដោយមានការគាំទ្រពីផ្នែករដ្ឋ»។ ក្របខ័ណ្ឌនេះមានគោលដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាព បង្កើតការងារ ជំរុញការកែច្នៃកសិផលបន្ថែមតម្លៃ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារនាំចេញ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីទិដ្ឋភាពទូទៅនៃក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្ម ព្រមទាំងលក្ខខណ្ឌតម្រូវសម្រាប់គម្រោង និងកញ្ចប់លើកទឹកចិត្តបន្ថែមសម្រាប់វិនិយោគិន ដែលមានលក្ខណៈអនុគ្រោះលើសពីការលើកទឹកចិត្តទូទៅសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ឬ QIP Plus។ កញ្ចប់លើកទឹកចិត្ត និងវិធានការសម្របសម្រួលពិសេសនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពទាក់ទាញ និងលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគក្នុងការអភិវឌ្ឍសួនកសិឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ព្រមទាំងបង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ការអភិវឌ្ឍសួនកសិឧស្សាហកម្ម គឺជាគំនិតផ្តួចផ្តើមអាទិភាពមួយសម្រាប់ជំរុញការធ្វើទំនើបកម្មវិស័យកសិកម្ម ពង្រឹងខ្សែច្រវាក់តម្លៃ និងបង្កើនការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍកសិឧស្សាហកម្មកម្ពុជា។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សមាគម ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដែលជាវិស័យមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានសម្រាប់ការបង្កើនតម្លៃបន្ថែម ការបង្កើតការងារ និងការពង្រីកទីផ្សារនាំចេញ។ តាមទិន្នន័យដែលបានបង្ហាញ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាមានតម្លៃជាង ៣ ពាន់លានដុល្លារអាម៉េរិក ខណៈវិស័យកសិកម្មនៅតែផ្តល់ការងារដល់ប្រជាពលរដ្ឋជាងមួយភាគបីនៃកម្លាំងពលកម្មសរុប។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តជំរុញការតភ្ជាប់រវាងសមាជិក និងវិនិយោគិន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីពង្រីកឱកាសវិនិយោគ បង្កើនការផ្ទេរបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពក្នុងការកែច្នៃកសិផលនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ។