កម្ពុជា ចង់ឱ្យក្រុមហ៊ុន CLP បោះទុនវិនិយោគនៅប្រទេសកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាជាមួយក្រុមហ៊ុនថាមពល CLP Holdings Limited លោក David Simmonds នៅទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរកិច្ចពិភាក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា។ទន្ទឹមគ្នានេះ CDC ក៏បានជំរុញឱ្យក្រុមហ៊ុន CLP បោះទុនវិនិយោគនៅប្រទេសកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក David Simmonds ប្រធានផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុន CLP Holdings Limited។

នាឱកាសនោះ លោក David Simmonds បានជម្រាបជូនអំពីសាវតារបស់ក្រុមហ៊ុន China Light and Power Holdings Limited (CLP) ដែលត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងតាំងពីឆ្នាំ១៩០១ ពោលគឺមានអាយុកាលប្រមាណជាង ១២៥ឆ្នាំ និងកំពុងវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី និងថាមពលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន CLP កំពុងខិតខំចាប់យកឱកាសថ្មីៗដើម្បីពង្រីកខ្លួនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងការវិវត្តរបស់ពិភពលោកដែលកំពុងអនុវត្តគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឌីជីថលូបនីយកម្ម។

ថ្លែងក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងជំរុញឱ្យការប្រើប្រាស់ថាមពលកកើតឡើងវិញរបស់កម្ពុជាឈានដល់ប្រមាណ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងជួយសម្របសម្រួលយ៉ាងពេញទំហឹងក្នុងករណីក្រុមហ៊ុន CLP Holdings Limited ចង់ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើថាមពលកកើតឡើងវិញផងដែរ៕ អត្ថបទ៖ហ្សាលីន