ក្រុមហ៊ុនមួយរបស់ចិន មានគម្រោងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានាំចេញទៅចិនជាច្រើនតោនក្នុងមួយឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយឈានមុខក្នុងការផលិតម៉ាស៊ីនសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញ/ចូលផលិតផលកសិកម្ម នៅកោះហៃណាន ប្រទេសចិន បានសម្លឹងឃើញនិងគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី និងជាពិសេសក្រុមហ៊ុននេះមានគម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទី ដោយក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល កែច្នៃគ្រាប់ស្វាយចន្ទីនាំចេញជាង៧០ម៉ឺនតោន/ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដឹកនាំដោយលោក David Zou Zhun កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥, លោក ជា វុទ្ធី បានលើកឡើងពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

បន្ថែមពីនេះ ក្រៅពីស្វាយចន្ទី លោក ជា វុទ្ធី ក៏បានគូសបញ្ជាក់ពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ថែមទៀត។

លោក David Zou Zhun បានឱ្យដឹងថា ក្រុមហ៊ុនខ្លួនកំពុងមានចំណាប់អារម្មណ៍សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះ។ ដោយលោកបន្ថែមថា ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់ដៃគូជាមួយក្រុមហ៊ុន Kampu Nuts Agro Products, ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។

បើតាមលោក David Zou Zhun ក្រុមហ៊ុនមានគម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដោយក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺនតោន/ឆ្នាំ, ដំណាក់កាលទី២ ចំនួន ២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន/ឆ្នាំ។

យោងតាមរបាយការណ៍ស្តីពីការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤និង២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនៅក្នុងក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ មានបរិមាណ៦០ម៉ឺនតោន ពោលគឺមានការកើនឡើងប្រមាណ៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤ មានបរិមាណ៥៤ម៉ឺនតោន។ យ៉ាងណា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញនាំចេញបាន៣១តោន ពោលថយចុះ៦៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន១០ម៉ឺនតោន៕