មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃនេះ (ម៉ោង ៤:០០ រសៀល) នៅខេត្តចន្ថាបុរីជាប់ប៉ៃលិន ថៃបានបង្ហើរលក្ខខណ្ឌចំនួន៣។ នេះបើតាមការឱ្យពីដឹងពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ។
លោកបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។
ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវគោលការណ៍បីរបស់ខ្លួនរួមមាន៖
១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន។
២. បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍។
៣. កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម។
គួរបញ្ជាក់ថា ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងមិនមានទៀតឡើយ។
គួរឱ្យដឹងថា គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ ការឯកភាពរវាងកម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ៕

