កម្ពុជា-សិង្ហបុរី ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ នាយករដ្ឋមន្ត្រីសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។ លោកបញ្ជាក់ថា ជំនួបនាពេលនេះ គឺសបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ លោកបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី មានសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ។

តាមរយៈជំនួបពិភាក្សានេះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ ព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន