លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់បងប្អូន សិស្ស និស្សិតដែលស្នាក់នៅ និងបន្ដការសិក្សានៅចក្រភពអង់គ្លេស ចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាដល់មិត្តភក្តិ និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមប្រឆាំង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ការអំពាវនាវនេះរបស់លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ធ្វើឡើងនៅក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នៅស្ថានឯកអគ្គរាជទូតនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ កម្មវិធីនេះមានការចូលរួមពីលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស មន្រ្តីស្ថានទូត ប្រជាពលរដ្ឋខ្មែររស់នៅចក្រភពអង់គ្លេស សិស្ស និងនិស្សិតដែលកំពុងសិក្សានៅអង់គ្លេស ព្រមទាំងមិត្តភិក្តអង់គ្លេសសរុបច្រើនជាង៥០រូប។
នាឱកាសនោះលោករដ្ឋមន្រ្តី បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់បងប្អូនសហគមន៍ខ្មែរ សិស្ស និងនិស្សិតទាំងអស់ដែលកំពុងរស់នៅ និងធ្វើការនៅចក្រភពទាំងអស់។
ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីសភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយស្នើសុំបងប្អូនខ្មែរមានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី មានតែការឯកភាព និងសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលដែលជាកំលាំងដ៏ខ្លាំងក្លា ជាមួយការគាំទ្រពីប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព ពិតជាធ្វើឱ្យប្រទេសថៃត្រូវតែបញ្ចប់សកម្មភាពអរិភាពរបស់ខ្លួនជាមួយកម្ពុជានាពេលនេះ។
លោក ហួត ហាក់ ក៏បានស្នើដល់បងប្អូន និងសិស្ស និស្សិតកម្ពុជាធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់មិត្តភក្តិ និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ លើកទឹកចិត្តមកលេងទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាផងដែរ៕







